រំលូតកូន

បើ​និយាយ​ពី​ការ​រំលូត​កូន គឺ​មិន​មាន​មាត្រា​ណា​មួយ​នៅ​ក្នុង​ច្បាប់​បាន​ចែង​ថា​ជា​ការ​ខុស​ច្បាប់​ នោះ​ទេ​នៅ​ប្រទេស​កម្ពុជា។ ជា​ការ​ពិត​ណាស់ អ្វី​ដែល​ច្បាប់​មិន​បាន​ចែង​គឺ​មាន​ន័យ​ថា ពលរដ្ឋ​អាច​ធ្វើ​បាន​គឺ​គ្មាន​ច្បាប់​ឬ​ក៏​នរណា​មក​ដាក់​ទោស​អូស​ដំណើរ​នោះ​ ឡើយ។

តែ​បើ​និយាយ​ពី​ធម៌​ព្រះ​វិញ ព្រះពុទ្ធ​លោក​បាន​ផ្ដល់​ឱវាទ​ថា កុំ​សម្លាប់​ជីវិត ព្រោះ​វា​ជា​អំពើ​បាប។ ចំណែក​ឯ​សាសនា​ដទៃ​ទៀត​ក៏​មិន​ខុស​ពី​សាសនា​ព្រះពុទ្ធ​ប៉ុន្មាន​ដែរ។ ពួក​អ្នក​កាន់​សាសនា​កាតូលិក និង​សាសនា​គ្រឹស្ត​ភាគ​ច្រើន​ក៏​បាន​ចាត់​ទុក​ថា ការ​រំលូត​កូន ឬ​ក៏​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​កូន​នោះ​គឺ​ជា​ការ​បំផ្លាញ​ជីវិត​មនុស្ស។ ពួកគេ​បាន​តវ៉ា​ថា អំពើ​បែប​នេះ​ត្រូវ​តែ​ហាម​ឃាត់។ ពួក​អ្នក​ទាំង​នោះ​គិត​ថា ជីវិត​មនុស្ស​គឺ​ព្រះ​ជា​អ្នក​ប្រទាន ហេតុនេះ​ បើ​បំផ្លាញ​ជីវិត​មនុស្ស​គឺ​ជា​ការ​ប្រឆាំង​នឹង​ព្រះ​ដែល​ជា​អំពើ​បាប ហើយ​ព្រះ​មិន​ប្រទាន​ពរ​ឡើយ។

តាម​ធម្មតា ជីវិត​គឺ​គិត​ចាប់​តាំង​ពី​ពេល​ដែល​ទារក​បាន​ចាប់​កំណើត​នៅ​ក្នុង​ផ្ទៃ​របស់ ​មាតា​តាំង​ពី​វិនាទី​ដំបូង​មក​ម្លេះ។ តាម​ការ​កត់​ចំណាំ ដោយ​រួម​ទាំង​ជំនឿ​ពី​បុរាណកាល​ផង​របស់​ពលរដ្ឋ​ខ្មែរ​យើង​ខ្លះ នៅ​ពេល​ដែល​ស្ត្រី​ជា​ម្ដាយ ជា​ម្ដាយ​មីង ​ជា​ភរិយា ជា​បង ​ជា​ប្អូន ជា​ក្មួយ និង​ជា​ចៅ​ក្តី មុន​ពេល​មាន​គភ៌ ស្ត្រី​ដែល​ជា​សាមី​ខ្លួន​ ហើយ​ពេល​ខ្លះ​ជា​សាច់​ញាតិ​របស់​គេ​ដែរ​បាន​សុបិន​ឃើញ​មាន​អ្នក​មក​សុំ​ចាប់ ​កំណើត។ ពេល​ខ្លះ ​ព្រលឹង​ដែល​មក​សុំ​ចាប់​កំណើត​នោះ​គឺ​ជា​សាច់ញាតិ​របស់​ខ្លួន​ដែល​បាន​ ចែកឋាន​កន្លងទៅ ហើយ​ចង់​មក​ចាប់​ជាតិ​ជា​ថ្មី​ជា​មួយ​នឹង​បងប្អូន​ឯង​វិញ។

នោះ​គឺ​ជា​រឿង​អប្បិយជំនឿ តែ​ឥឡូវ​គឺ​ជា​សម័យ​វិទ្យាសាស្ត្រ ជា​សម័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ជា​សម័យ​ស៊ីវិល័យ​បែប​ទំនើប ដែល​មនុស្ស​ស្រី​ប្រុស​មាន​សិទ្ធិ​ចង់​ធ្វើ​អ្វី​ក៏​បាន​ឲ្យ​តែ​គេ​ចង់ បើ​ទោះ​ជា​ពេល​ខ្លះ​ខុស​នឹង​មាត្រា​ច្បាប់​ ឬ​ក៏​ជំនឿ​សាសនា​របស់​នគរ​ក៏ដោយ គឺថា​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​រួច​មួយ​គ្រាៗ​សិន ចាំ​ពេល​ក្រោយ​ចាំ​គិត​បន្ត​ទៀត។ ចំពោះ​រឿង​រំលូត​កូន​វិញ យុវវ័យ​ដែល​ចូលចិត្ត​រួម​ភេទ​មុន​ពេល​មង្គលការ ដោយ​មិន​បាន​ប្រើ​ស្រោម​ការពារ និង​មាតាបិតា​ខ្លះ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​សម្រេចចិត្ត​រំលូត​គភ៌​ដែល​ ខ្លួន​មិន​ទាន់​ចង់បាន​កូន បើ​ទោះ​ជា​ដឹង​ថា វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ដល់​ស្ត្រី​ដែល​ជា​អ្នក​ពរ​ពោះ​ក៏ដោយ​ចុះ។

ជាង​នេះ​ទៅ​ទៀត នារី​វ័យ​ក្មេងៗ​ជា​ច្រើន​ទៀត​បាន​យក​កូន​ចេញ​លើស​ពី​ម្តង ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ ហើយ​ពេល​ខ្លះ​ទៀត គភ៌​​នៅ​ក្នុង​ផ្ទៃ​ដែល​ត្រូវ​យក​ចេញ​នោះ​គឺ​មាន​អាយុ​ច្រើន​ខែ​ទៅ​ទៀត ដែល​ប្រកា​នេះ​អាច​នាំ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាង​ ធ្ងន់ធ្ងរ ដោយ​ពេល​ខ្លះ​បាន​កើត​ឡើង​ភ្លាមៗ ហើយ​ពេល​ខ្លះ​ទៀត​ក៏​កើត​ឡើង​ក្នុង​រយៈ​ពេល​មួយ​ដ៏​យូរ ឬក៏​អាច​មាន​បញ្ហា​នៅ​ពេល​ដែល​ពួក​គេ​សម្រេចចិត្ត​យក​កូន​ជា​ផ្លូវ​ការ​នោះ។ បើ​តាម​គ្រូពេទ្យ​ជំនាញ​ខ្លះ​បាន​លើក​ឡើង​ថា ស្ត្រី​ខ្លះ​អាច​ប្រឈម​នឹង​ការ​ដែល​គ្មាន​កូន​អស់​មួយ​ជីវិត បន្ទាប់​ពី​គេ​រំលូត​កូន​ជា​លើក​ដំបូង​មក។

មាន​ពេល​ខ្លះ​ទៀត ស្ត្រី​ដែល​មាន​គភ៌​ត្រូវ​បាន​បុរស​ជា​ដៃគូ​រួមភេទ ឬ​ក៏​ស្វាមី​របស់​ខ្លួន​បាន​បង្ខំ​ឲ្យ​យក​គភ៌​ចេញ ដោយសារ​តែ​កត្តា​សង្គម​ផង និង​កត្តា​សេដ្ឋកិច្ច​ផង។ ពេល​ខ្លះ​ទៀត ភាគី​ស្រី​ខ្លួន​ឯង ពិសេស​យុវវ័យ​ដែល​នៅ​លីវ នៅ​ពេល​ដែល​ពួកគេ​​មាន​គភ៌ ដោយ​សារ​តែ​ការ​រួមភេទ​ជា​មួយ​សង្សារ ជា​មួយ​ដៃគូ ឬ​ក៏​ត្រូវ​បាន​គេ​ចាប់​រំលោភ​ដោយ​ប្រកា​ណា​មួយ​នោះ ពួកគេ​មិន​អាច​ទុក​កូន​ទាំង​នោះ​បាន​ទេ គឺ​ត្រូវតែ​រំលូត​ចោល ដើម្បី​កុំ​ឲ្យ​ខ្មាស​គេ កុំ​ឲ្យ​​ខូច​ពូជ ឬ​ក៏​កុំ​ឲ្យ​គេ​ដៀល។ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​ស្ត្រី​សម្រេច​ចិត្ត​ទៅ​មន្ទីរពេទ្យ ពិសេស​ទៅ​គ្លីនិក​ឯកជន​ខ្លះ​ដែល​ទី​នោះ​គ្មាន​គ្រូពេទ្យ និង​ឆ្មប​ជំនាញ​ច្បាស់លាស់ ​គ្មាន​ឧបករណ៍​គ្រប់គ្រាន់ និង​ប្រកប​ដោយ​បច្ចេកទេស​អនាម័យ ដើម្បី​យក​គភ៌​ចេញ។ ដោយសារ​តែ​ខ្មាស​គេ​ផង ហើយ​គ្រូពេទ្យ​គ្មាន​ជំនាញ​ចង់​បាន​លុយ​ផង គភ៌​ក៏​ត្រូវ​បាន​រំលូត ហើយ​ដំណើរ​ការ​នេះ​ក៏​មិន​បាន​រក្សា​ទុក​ជា​ឯកសារ​ឡើយ។ រឿង​ដែល​មិន​គួរ​​ឲ្យ​ជឿ​នោះ​គឺ​នៅ​ពេល​ដែល​ស្ត្រី​យក​គភ៌​ចេញ​រួចហើយ ហើយ​មាន​បញ្ហា​សុខភាព គ្រូពេទ្យ​ត្បាញអាយ ឬ​គ្រូពេទ្យ​ហេង​ស៊យ​ទាំងនោះ​ពេល​ខ្លះ​មិន​ទទួល​ខុស​ត្រូវ។

សូម្បី​តែ​ក្រសួង​សុខាភិបាល​នា​ពេល​ថ្មីៗ​នេះ​ក៏​បាន​សម្ដែង​ការ​ ព្រួយបារម្ភ​ពី​ការ​រំលូត​កូន​នេះ​ដែរ ដែល​បញ្ហា​នេះ​នាំ​ឲ្យ​​មាន​អត្រា​មរណៈ​មាតា​កាន់​តែ​ខ្ពស់ ហើយ​បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ មុន​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា កម្ពុជា​មាន​អត្រា​ស្លាប់​ដោយ​សារ​ការ​រំលូត​កូន​គ្មាន​សុវត្ថិភាព​ខ្ពស់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ពិភពលោក។

នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ១៧ ឧសភា​កន្លង​ទៅ​នេះ​ដែល​រៀបចំ​ឡើង​ដោយ​សកល​វិទ្យាល័យ Notre Dame ដែល​ជា​សកល​វិទ្យាល័យ​មួយ​នាំមុខ​គេ​ខាង​សាសនា​កាតូលិក​នៅ​អាមេរិក លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក​​បាន​បង្ហាញ​ពី​ជំហរ​របស់​លោក​ថា លោក​គាំទ្រ​ចំពោះ​សិទ្ធិ​នៃ​ការ​រំលូត​កូន ប៉ុន្តែ​ថា ការ​ដែល​ធ្វើ​បែប​នេះ​គួរ​តែ​កើត​មាន​ដ៏​កម្រ។ បើ​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​អេភី​របស់​អាមេរិក​ដែល​បាន​រាយការណ៍​នៅ​ទី ១៧ ឧសភា​នោះ​ថា គ្រាន់​តែ​លោក អូបាម៉ា និយាយ​ថា​លោក​គាំទ្រ​ចំពោះ​សិទ្ធិ​នៃ​ការ​រំលូត​កូន​ចប់​ភ្លាម អ្នក​ចូល​រួម​ក្នុង​ពិធី​បី​នាក់​បាន​ស្រែក​ចំអក​ឲ្យ​លោក ខណៈ​ដែល​អ្នក​ចូលរួម​ជាង​មួយ​មឹន​នាក់​កំពុង​ស្ងប់ស្ងាត់​ស្ដាប់​លោក អូបាម៉ា ដែល​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​បី​បាន​ស្រែក​ថា “ ឈប់​សម្លាប់​កូនៗ​យើង​ទៀត​ទៅ” ។

ចលនា​គាំ​ទ្រ និង​ចលនា​ប្រឆាំង​ការ​រំលូត​កូន​គឺ​មាន​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ពិភពលោក គឺ​មិនមែន​មាន​តែ​នៅ​អាមេរិក​នោះ​ទេ។ ចំណែក​ឯ​នៅ​កម្ពុជា​វិញ​ក៏​មាន​អ្នកប្រឆាំង​នឹង​ការ​រំលូត​កូន​ដែរ។ ជា​ការ​ពិត រឿង​គាំ​ទ្រ និង​មិន​គាំ​ទ្រ​គឺ​ជា​ល្បែង​ប្រជាធិបតេយ្យ​នៅ​ក្នុង​សង្គម​សេរី​ពហុបក្ស។ រឿង​សំខាន់​គឺ​មិន​មែន​រឿង​គាំ​ទ្រ ឬ​ក៏​រឿង ប្រឆាំង​នោះ​ទេ។ បញ្ហា​សំខាន់​គឺ​ត្រូវ​ធ្វើ​ឲ្យ​សុខភាព​មាតា និង​ទារក​បាន​ល្អ ស្ត្រី​មាន​ផ្ទៃ​ពោះ​ទទួល​បាន​សេវា​ពិនិត្យ​សុខភាព​បាន​ដោយ​ងាយ​ស្រួល និង​​ប្រកប​ដោយ​គុណភាព។ ម្យ៉ាងទៀត ត្រូវ​ផ្ដល់​សិទ្ធិ​ និង​ឱកាស​ដល់​បុគ្គល​ទាំង​ឡាយ​ដែល​ចង់​បាន ឬ​មិន​ចង់​បាន​កូន។

ចុះ​នៅ​កម្ពុជា​របស់​យើង​វិញ យ៉ាង​ម៉េច​ដែរ?

ទាក់ទិន​នឹង​ការ​រំលូត​កូន​នេះ យើង​ពិត​ជា​គាំទ្រ​លោក អូបាម៉ា ដែល​លោក​បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ដល់​សិទ្ធិ​នៃ​ការ​រំលូត​កូន និង​អ្នក​ប្រឆាំង​សកម្មភាព​នេះ​បាន​ជួប​ពិភាក្សា​គ្នា ដើម្បី​ធ្វើ​ឲ្យ​ចំនួន​ស្ត្រី​ដែល​ស្វែង​រក​ការ​រំលូត​កូន មាន​កាន់​តែ​តិច ជួយ​កាត់​បន្ថយ​ការ​ដែល​មាន​ផ្ទៃ​ពោះ​ដោយ​គ្មាន​បំណង បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​យក​កូន​មក​ចិញ្ចឹម​ឲ្យ​បាន​កាន់​តែ​ច្រើន ហើយ​ផ្ដល់​ការថែទាំ និង​ការ​គាំទ្រ​ដល់​ស្ត្រី​ដែល​ពួកគេ​បាន​ពរ​ពោះ​តាំង​ពី​ដំបូង​រហូត​ដល់​ ទារក​កើត។

បើ​តាម​របាយការណ៍​ប្រជាសាស្ត្រ​របស់​ក្រសួង​ផែនការ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​ចំនួន​ស្រ្តី​ច្រើន​ជាង​បុរស គឺ​ថា ក្នុង​ចំណោម​អត្រា​ប្រជាជន​ប្រមាណ ១៤ លាន​នាក់ ស្ត្រី​មាន​ជាង ៥០ ភាគរយ។ ជាង​នេះ​ទៅទៀត យើង​ពិត​ជា​ទទួល​ស្គាល់​ថា នៅ​ក្នុង​សង្គម​កម្ពុជា​យើង​នេះ ស្ត្រី​ភាគ​ច្រើន​ជា​មេផ្ទះ ដោយ​ពួកគេ​ទទួល​រ៉ាប់រង​ការងារ​ច្រើន​ជំពូក ដូច​ដែល​ពាក្យ​ចាស់​លោក​ពោល​ថា “ ស្ត្រី​វិល​ចង្ក្រាន​មិន​ជុំ” ឡើយ។ ពាក្យ​នេះ​បើ​គិត​មួយ​ភ្លែត​គឺ​មនុស្ស​ភាគ​ច្រើន​គិត​ថា ស្រ្តី​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ មិន​អាច​ធ្វើ​ការ​ធំៗ​បាន​ទេ​នៅ​ក្នុង​សង្គម គឺ​ធ្វើ​​ការងារ​នៅ​ក្នុង​បន្ទប់​ដាំ​ស្ល​តែ​ប៉ុណ្ណោះ។ នេះ​ជា​ការ​គិត​មួយ​ជ្រុង​ដែល​ពុំ​បាន​វិភាគ​លើ​ការងារ​យេនឌ័រ​ឲ្យ​បាន​ ស៊ីជម្រៅ ប៉ុន្តែ​ពាក្យ​នេះ​ពិត​ជា​មាន​ន័យ​ទូលំទូលាយ​បំផុត។ ពាក្យ​ដែល​ថា “ វិល​ចង្ក្រាន​មិន​ជុំ” គឺ​មាន​ន័យ​ថា ការងារ​នៅ​ក្នុង​បន្ទប់​ដាំ​ស្ល​ច្រើន​ណាស់ អស់​មួយ​នៅ​សល់​មួយ ធ្វើ​ការងារ​នេះ​ហើយ​នៅ​សល់​ការងារ​នោះ គឺ​វិលវល់​ពេញ​តែ​ក្នុង​បន្ទប់​ដាំ​ស្ល​ បើ​គ្មាន​អ្នក​មក​ជួយ​ទេ​គឺ​នាំឲ្យ​ខាត​ប្រយោជន៍​ទាំង​អស់​គ្នា។ ហេតុនេះ បុរស​ជា​បង​ជា​ប្អូន ជា​ប្តី ។ល។ និង។ល។ល ត្រូវ​តែ​មក​ជួយ​គ្នា ដើម្បី​បង្ហើយ​ការងារ​ទាំង​នោះ និង​បាន​ពេល​ទៅ​បំពេញ​ការងារ​ផ្សេង​ទៀត ទាំង​នៅ​ក្នុង​ផ្ទះ ក៏​ដូច​ជា​នៅ​ក្នុង​សង្គម​ដែរ។

នៅ​ក្នុង​សង្គម​មួយ​មាន​នារី​ច្រើន​ជាង​បុរស ហើយ​នារីៗ​មាន​បន្ទុក​ការងារ​ដ៏​ធំធេង​ទាំង​នៅ​ក្នុង​សង្គម​ជាតិ​ផង និង​នៅ​ក្នុង​សង្គម​គ្រួសារ​ផង តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​នារី​ភាគ​ច្រើន​ទទួល​រង​បញ្ហា​សុខភាព​នោះ? គ្រាន់​តែ​លើក​ឧទាហរណ៍​មួយ​តូច​នៅ​ក្នុង​គ្រួសារ​ក៏​យើង​អាច​ដឹង​បាន​ដែរ គឺ​ថា បើ​ស្ត្រី​ជា​ភរិយា ជា​ម្ដាយ ហើយ​ជា​មេផ្ទះ​មាន​បញ្ហា​សុខភាព​គឺ​ពិត​ជា​មាន​ការ​លំបាក ហើយ​ការ​អភិវឌ្ឍ​គ្រួសារ​អាច​នឹង​ជួប​បញ្ហា​ដែរ។ ចំណុច​នេះ​គឺ​មិន​ខុស​គ្នា​នៅ​ក្នុង​សង្គម​ជាតិ​ទាំង​មូល​នោះ​ទេ។ ដូច​ពាក្យ​បូរាណ​ខ្មែរ​ដែល​បាន​លើក​ឡើង​ថា “ ស៊ូ​ស្លាប់​បា កុំ​ឲ្យ​ស្លាប់​មេ…” និង​ពាក្យ​មួយ​ឃ្លា​ដែល​គេ​ឯង​ដឹង​គ្រប់ៗ​គ្នា​ថា “ ស្ត្រី​ជា​មាតា​ពិភពលោក” ។ ចុះ​បើ​មាតា​មាន​បញ្ហា តើ​ពិភពលោក​នឹង​ទៅ​ជា​យ៉ាង​ណា?

យើង​ពិត​ជា​កោត​សរសើរ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​ថ្នាក់​ក្រោម​ជាតិ ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ជួបជុំ​ពិភាក្សា​គ្នា​លើ​ប្រធាន​មួយ​ចំនួន​ ដោយ​ក្នុង​នោះ​មាន​ការ​ផ្ដោត​លើ​ច្បាប់​ស្ដី​ពី​ការ​រំលូត​កូន អំពី​ឧបសគ្គ​របស់​ស្ត្រី​ក្នុង​ការ​ស្វែង​រក​សេវាកម្ម​រំលូត​កូន​ប្រកប​ដោយ​សុវត្ថិភាព ហើយ​ថា​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​ស្ត្រី​ក្រីក្រ​ងាយ​រក​បាន​ សេវាកម្ម​រំលូត។ ការ​ពិភាក្សា​នេះ​ពិត​ជា​ល្អ​បំផុត ហើយ​ត្រូវ​តែ​ជំរុញ​ការងារ​នេះ​ឲ្យ​ទៅមុខ​បាន​កាន់​តែ​ឆាប់ ហើយ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​ដល់​ស្ត្រី​របស់​យើង។ នៅ​ពេល​ដែល​ស្រ្តី​មាន​សុខភាព​ល្អ នោះ​សង្គម​គ្រួសារ​ពិតជា​មាន​សុខភាព​ល្អ មាន​ការ​អភិវឌ្ឍ និង​មាន​សុភមង្គល ហើយ​បើ​សង្គម​គ្រួសារ​ទទួល​បាន​ចំណុច​ទាំង​នេះ​ហើយ នោះ​សង្គម​ជាតិ​ទាំងមូល​ក៏​ទទួល​បាន​ដូច​គ្នា​នឹង​សង្គម​គ្រួសារ​ដែរ។

ហេតុនេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ខាង​លើ ទាំង​រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​សុខាភិបាល និង​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ​ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម ​ទៀត​ដល់​សេវា​រំលូត​កូន បង្កើន​ការ​យល់​ដឹង​ដល់​ស្ត្រី​តាម​សហគមន៍​មូលដ្ឋាន និង​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​និយាយ​ជា​ចំហ​តាម​រយៈ​វេទិកា តាម​រយៈ​យុទ្ធនាការ​នានា​នៅ​តាម​ទី​សាធារណៈ និង​តាម​វិទ្យាល័យ និង​សកល​វិទ្យាល័យ ដើម្បី​ឲ្យ​ពួកគេ ពិសេស​យុវវ័យ​បាន​យល់​ពី​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​ដល់​ជីវិត ដែល​បណ្ដាល​មក​ពី​ការ​ឆាប់​រួម​ភេទ និង​ការ​រំលូត​កូន។ ការ​បណ្ដុះបណ្ដាល​គ្រូពេទ្យ និង​ឆ្មប​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់ និង​មាន​ក្រម​សីលធម៌​គួរ​ឲ្យ​គោរព​គឺ​ជា​ការងារ​ចាំបាច់ ហើយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រូវ​ដាក់​ទោស​ទណ្ឌ​ទៅ​តាម​ច្បាប់​រដ្ឋ​ដល់​ បុគ្គល​បម្រើ​សេវា​សុខភាព​ដែល​គ្មាន​ជំនាញ គ្មាន​ច្បាប់​អនុញ្ញាត​ក្នុង​ការ​ប្រកប​សេវា​រំលូត​កូន ​អសីលធម៌​ចង់​បាន​តែ​លុយ តែ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ពី​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​នោះ។

ទន្ទឹម​នឹង​នេះ ស្រី​ខ្លួន​ឯង​ត្រូវ​ស្វះស្វែង​រក​ការ​ប្រឹក្សា​យោបល់​ពី​ការ​រំលូត​កូន ប្រសិន​បើ​ខ្លួន​មាន​ផ្ទៃពោះ ហើយ​មិន​ចង់​បាន​កូន។ ត្រូវ​ចង​ចាំ​ថា ត្រូវ​ជួយ​ខ្លួន​ឯង​ជា​មុន​សិន មុន​នឹង​ឲ្យ​គេ​ជួយ​ខ្លួន​នោះ។ ខ្លួន​ត្រូវ​ចេះ​ស្រឡាញ់​ខ្លួន​ឯង មុន​នឹង​ឲ្យ​គេ​ស្រឡាញ់​ខ្លួន​នោះ។ ការ​ដែល​ជួយ​ខ្លួន​ឯង និង​ការ​ចេះ​ស្រឡាញ់​ខ្លួន​ឯង​នោះ​គឺ​ការ​ថែ​ទាំ​សុខភាព ការ​ស្វែង​យល់​ពី​បញ្ហា​ជា​មួយ​សហគមន៍ ដោយ​មិន​ត្រូវ​ខ្មាស​អៀន ហើយ​ក៏​មិន​ត្រូវ​លាក់​ទុក​បញ្ហា​សុខភាព​របស់​ខ្លួន​នោះ​ដែរ តែ​ត្រូវ​មាន​សេចក្ដីក្លាហាន​គ្រប់គ្រាន់ ហ៊ាន​ជជែក​ពី​សុខភាព​ដែល​ទាក់​ទិន​នឹង​ការ​រំលូត​កូន​ជាមួយ​អ្នក​ជំនាញ។ ទន្ទឹម​នឹង​នេះ នារី​វ័យ​ក្មេងៗ ពិសេស​នារី​នៅ​ក្នុង​វ័យ​សិក្សា​​ត្រូវ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​ការ​ ប្រឈម​ទៅ​នឹង​ការ​រំលូត​កូន​នេះ ដោយ​ខ្លួន​ត្រូវ​ប្រយ័ត្ន គឺ​មិន​ត្រូវ​ប្រញាប់​រួម​ភេទ​ពេក​នោះ​ទេ​នៅ​ពេល​ដែល​ខ្លួន​នៅ​ក្មេង ព្រោះ​វា​អាច​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​បន្ត​ពូជ​នា​ពេល​អនាគត។ ក្នុង​ករណី​ចៀស​ការ​រួមភេទ​មិន​បាន គេច​មិន​ផុត អត់​ទ្រាំ​មិន​កើត ខ្លួន​ត្រូវ​គិត​ពី​ការ​រួមភេទ​ដោយ​សុវត្ថិភាព គឺ​បង្ការ​កុំ​ឲ្យ​មាន​គភ៌​ដែល​ខ្លួន​មិន​ចង់​បាន ហើយ​នាំ​ឲ្យ​មាន​ការ​រំលូត។ ជាង​នេះ​ទៅ​ទៀត ត្រូវ​ចេះ​ស្វះ​ស្វែង​រក​វិធី​បង្ការ​តាម​បច្ចេកវិទ្យា​ទំនើប​ដែល​មិន​ ប៉ះពាល់​ដល់​សុខភាព និង​គិត​ពី​ការ​ឆ្លង​កាមរោគ ពិសេស​ការ​ឆ្លង​មេរោគ​អេដស៍​ដែល​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​នោះ។ ម្យ៉ាង​ទៀត នារី​ត្រូវ​តែ​ថែទាំ និង​ប្រយ័ត្ន​ខ្លួន​ជានិច្ច​នៅ​ពេល​ទៅ​រៀនសូត្រ​ហ្វឹកហាត់​ជំនាញ និង​ធ្វើការ​នៅ​ឯ​បរទេស

រួម​គ្នា​ដើម្បី​ចៀស​វាង​ការ​រំលូត​កូន​ទៅ​តាម​ការ​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​បើ​មាន​ការ​រំលូត​គឺ​ត្រូវ​ធ្វើ​ជា​មួយ​គ្រូពេទ្យ និង​ឆ្មប​ជំនាញ ហើយ​សេវា​រំលូត​ត្រូវតែបានដោយងាយស្រួល ហើយ​ដំណើរការទៅ​ប្រកបដោយ​សុវត្ថិភាព និង​ធានា​បាន​ពី​សុខភាព​របស់​ស្ត្រី៕

————————————————————————————————————————————————

ប្រភព៖ http://women.open.org.kh/km/abortion-editorial#comments