ខ្ញុំធ្លាប់ត្រូវបានគ្រូពេទ្យជំរុញអោយធ្វើការរំលូតកូន

អត្ថបទ​នេះ​​មិន​មែន​ជាការ​វាយ​ប្រហារ​ដល់​គ្រូ​ពេទ្យដែលមាន​ក្រម​សីលធម៌​វីជ្ជាជីវៈត្រឹមត្រូវនោះទេ។ នេះជាបទពិសោធ​ផ្ទាល់​របស់​ខ្ញុំមួយដែល​ខ្ញុំចង់​ចែក​រំលែក​ជូន​ស្ត្រី​ទាំងអស់​ដែល​មាន​គត៌ ទុកជា​ការពិចារណា​មុន​នឹង​ធ្វើ​ការ​សំរេច​ចិត្តអ្វី​មួយទាក់​ទង​ទៅ​នឹងគត៌​របស់​ខ្លួន។

ក្រោយពីរៀបការបាន៧ខែ ខ្ញុំនិងស្វាមីសំរេចចិត្តមានកូនដំបូង។ខ្ញុំ​ជាស្ត្រីដែលមានរដូវ​មិន​ទៀង​​ទាត់។ ​​ខ្ញុំ​ក៏​បាន​ប្រើ​ឧបករណ៍​​ពិនិត្យ​ទឹកនោម​រៀងរាល់​១អាទិត្យ​ម្តង​ដើម្បី​ អោយ​ដឹង​ថា​មាន​​ផ្ទៃ​ពោះ​រឺ​នៅ។ ក្រោយ​មក​ប្រហែល​ជា​១ខែ ខ្ញុំក៏មាន​ផ្ទៃ​ពោះមែន។ តែ​ខ្ញុំ​ប្រាកដ​ថា​គត៌នោះ​អាយុ​មិន​លើស​ពី១ខែទេ។ ខ្ញុំក៏ទៅពេទ្យ (កាល់ម៉ែត) នៅថ្ងៃទី២​កុម្ភៈ២០០៧។ ដោយបំណងចង់បាន​ដំបូន្មាន​ពីគ្រូពេទ្យ​អំពីវិធីរក្សា​គត៌។  អ្នកគ្រូពេទ្យម្នាក់នោះសួរពីរដូវចុងក្រោយរបស់ខ្ញុំ។ ខ្ញុំថារដូវចុង​ក្រោយ​​របស់​ខ្ញុំ​អស់​តាំងពីថ្ងៃទី២៥តុលា២០០៦ មក​ម៉្លេះ ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​ពី​ការ​ពិនិត្យ​​ទឹកនោម​​ដើម្បី​​អោយ​ដឹង​ថា​មាន​​ផ្ទៃ​ពោះ​នេះ។ តែ​គាត់​ដូចជា​មិន​រវល់​ស្តាប់​សោះ គាត់​គិត​តែ​ផ្ទៀងផ្ទាត់​​តារាង​គត៌។ គាត់​និយាយ​ថា​គត៌​នេះ អាយុជាង៣ខែហើយម៉េច​ក៏​ពោះ​មិន​ទាន់​ខ្ទៀត​​ទៀត?​​ ហើយក៏អោយខ្ញុំទៅ​ពិនិត្យអេកូ។ ពេលឃើញលទ្ធផល គាត់ថាកូនខ្ញុំជាប្រភេទកូនពង មិនលូតលាស់ត្រូវ​ប្រញ៉ាប់​យកចេញ ហើយ​គាត់​ក៏​អោយ​លេខ​ទូរស័ព្ទ​ទាក់ទង​ដើម្បី​រំលូតកូននោះ។ ឥឡួវកូនខ្ញុំមានអាយុ១ឆ្នាំ​២១ខែ​ហើយ​ នាងមានសុខភាពល្អណាស់។ ហេតុអ្វីបានជា អ្នកគ្រូ​ពេទ្យ​ម្នាក់​នោះ​ហ៊ាន​សន្និដ្ឋានបែប​នេះ គ្រាន់តែពិនិត្យលើកទី១សោះ ដោយមិនតាមដានអោយបានច្បាស់លាស់សិន?

DSC_0299

កូនស្រីខ្ញុំ ដាលីណាពេល​បច្ចុប្បន្ន